កាសែតបានឲ្យដឹងទៀតថា ឆ្លើយទៅនឹងសម្ពាធរបស់បក្សប្រឆាំង នាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានអះអាងនៅក្នុងសភាថា លោកស្រីមិនដែលបាននិយាយទាល់តែសោះថា ថៃនឹងទទួលយកសេចក្តីសម្រេចរបស់តុលាការក្រុងឡាអេ ប៉ុន្តែ អ្វីដែលលោកស្រីចង់បានគឺការរក្សាសន្តិភាពនៅតាមព្រំដែនកម្ពុជាថៃ។
ឯកអគ្គរាជទូតថៃប្រចាំទីក្រុងឡាអេ លោក Virachai Plasai ដែលជាអ្នកជំនាញទទួលបន្ទុកបញ្ហាព្រះវិហារក៏បានថ្លែងប្រាប់អង្គសភាថា សេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិកាលពីថ្ងៃទី ១១ វិច្ឆិកា មិនបានបញ្ជាក់ច្បាស់ពីព្រំដែនរវាងប្រទេសទាំងពីរទេ។ ដូច្នេះ មានតែការចរចានិងព្រមព្រៀងគ្នារវាងភាគីកម្ពុជានិងថៃតែប៉ុណ្ណោះទើប អាចសម្រេចអនុវត្តសាលដីកានេះបាន។
គួរបញ្ជាក់ថា តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេបានសម្រេចកាលពីថ្ងៃទី ១១ វិច្ឆិកាថា ដែនដីជុំវិញប្រាសាទព្រះវិហារជារបស់កម្ពុជា។ តុលាការនេះក៏បានទាត់ចោលផែនទីឯកតោភាគីរបស់ថៃដែលបង្កើតឲ្យមាន ផ្ទៃដី ៤,៦ គីឡូម៉ែត្រក្រឡា។ ភា្លមៗក្រោយពីសេចក្តីសម្រេចនេះ ទាំងរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ហោ ណាំហុង ទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើសេចក្តីថ្លែងការណ៍ដោយចាត់ទុកសេចក្តីសម្រេចនេះជាជំហានថ្មីដ៏ សំខាន់សម្រាប់ដំណោះស្រាយបញ្ហាព្រះវិហារ។ ទីក្រុងភ្នំពេញអះអាងថា នឹងជជែកជាមួយបាងកកដើម្បីអនុវត្តន៍សាលដីកានេះ។
នៅមុនសេចក្តីសម្រេចរបស់តុលាការក្រុងឡាអេ ទាំងនាយករដ្ឋមន្ត្រីកម្ពុជាថៃ និងទាំងរដ្ឋមន្ត្រីការបរទេសប្រទេសទាំងពីរសុទ្ធតែបានជួបពិភាក្សាគ្នា និងបានសន្យាថានឹងអនុវត្តន៍តាមសេចក្តីសម្រេចនេះដោយសន្តិវិធី។ ប៉ុន្តែ បច្ចុប្បន្ន មេដឹកនាំថៃ ក្រោមគំនាបបក្សប្រឆាំងហាក់បានកែប្រែសម្តីរបស់ខ្លួន។
យ៉ាងណាក៏ដោយ ក្រុមការងារប្រទេសទាំងពីរគ្រោងជួបគ្នាក្នុងពេលឆាប់ៗនេះដើម្បីអនុវត្ត សាលដីការរបស់តុលាការ។ សាលដីការដែលតម្រូវឲ្យថៃដកទ័ពចេញពីតំបន់ជុំវិញប្រាសាទព្រះវិហារ។ ប៉ុន្តែ រហូតមកដល់ថ្ងៃនេះ កងទ័ពថៃនៅឈរជើងកន្លែងដដែលនៅឡើយ ៕
អត្ថបទនេះ ៖ ដកស្រង់ចេញពីគេហទំព័រ
No comments:
Post a Comment